ខណៈ ដែលពលរដ្ឋកម្ពុជា កំពុងអំណរសាទរ ថ្ងៃថ្មីឆ្នាំថ្មី បាតុកម្មរបស់ កម្មករផ្នែកវាយនភណ្ឌ និងសហជីព ដែលទាមទាប្រាក់ខែគោលយ៉ាងហោចណាស់ ១៦០ដុល្លារសហរដ្ឋអាមេរិក ក៏បានស្ងប់ស្ងាត់ក្នុងថ្ងៃពិសេសនេះដែរ ។ ប៉ុន្តែ បើតាមមេដឹកនាំសហជីព បាតុកម្មនេះនឹងកម្រើកឡើងវិញក្នុងរូបភាពជាទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២ មករា ប្រសិនបើការទាមទារមិនទាន់ទទួលបានជោគជ័យ។ រដ្ឋាភិបាលបានព្រមានទុកជាមុនឲ្យមេដឹកនាំសហជីពបញ្ឈប់បាតុកម្ម។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣១ ធ្នូ បានសម្រេចឡើងវិញ ដោយដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១០០ដុល្លារសហរដ្ឋអាមេរិក តែមេដឹកនាំសហជីពចំនួន ៦ រួមមាន លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា (CCU) លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា(C,CAWDU) លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃ ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា ( NIFTUC) លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ(CUMW) លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា(CATU) មិនទាន់ពេញចិត្តនឹងលទ្ធផលនេះនៅឡើយទេ។
ទោះបីជាយ៉ាងនេះក្តី ក្រសួងការងារ បានស្នើឲ្យកម្មករវិលចូលធ្វើការដូចដើមវិញ ចាប់ពីថ្ងៃទី២ ខែមករាឆ្នាំ២០១៤ ហើយបន្តព្រមាន ចាត់វិធានការផ្លូវច្បាប់តឹងរឹង ទៅលើអ្នកដឹកនាំធ្វើបាតុកម្ម ដោយចោទថា អ្នកទាំងនោះជាអ្នកញុះញង់កម្មករឲ្យធ្វើបាតុកម្ម បង្កឲ្យខូចសណ្តាប់ធ្នាប់សង្គម និងប្រយោជន៍សាធារណៈ។
កាលថ្ងៃទី២៧ ធ្នូ ក្រសួងមហាផ្ទៃ ក៏បានចេញលិខិតមួយ ព្រមានលុបឈ្មោះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើលោក រ៉ុង ឈុន ប្រធានសមាគម មិនគោរពតាមលក្ខន្តិកៈបង្កើតសមាគមហើយនៅតែបន្តចូលរួមក្នុងសកម្មភាពនយោបាយ ដោយខុសច្បាប់។ ប៉ុន្តែ លោក រ៉ុង ឈុន ចាត់ទុកថា សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ គ្រាន់ជាលេសរារាំងនូវដំណើរការទាមទារប្រាក់ឈ្នួលរបស់សហជីព និងសមាគមប៉ុណ្ណោះ ព្រោះច្បាប់បានធានាការទាមទាររបស់ពលរដ្ឋខ្មែរតាមរយៈបាតុកម្មដោយសន្តិវិធី។
សូមបញ្ជាក់ថា លោករ៉ុង ឈុន ក៏ត្រូវរដ្ឋាភិបាលព្រមានប្តឹងទៅតុលាការដោយសារតែសហភាពសហជីពរបស់លោកមិនត្រូវបានទទួលស្គាល់ដោយក្រសួងការងារទេ។ ចំណែកឯប្រធានសហជីព៥នាក់ទៀតក៏រងការព្រមានឲ្យបញ្ឈប់ការដឹកនាំបាតុកម្មដែរក្រោមហេតុផលថា នោះគឺជាបាតុកម្មខុសច្បាប់៕
0 comments:
Post a Comment